ក្រសួងសាធារណការ បានឲ្យដឹងថា យានយន្តប្រមាណ ១២៥.៩៩៨គ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល១០ថ្ងៃនៃការបើកឱ្យសាកល្បង រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយបានចេញចូលតាមស្ថានីយទាំង ៨ទីតាំង។

បើតាមក្រសួងសាធារណការ ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕
