សម្តេច ហ៊ុន សែន ៖ ការលើកកម្ពស់សហ​​គ្រិនភាព​​របស់​​ស្ត្រី គឺជាកិច្ចការបង្កើនឱកាស​ដល់​​ស្ត្រី​​​ចូលរួម​នៅក្នុង​សកម្មភាព​​សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសុន្ទរកថា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលបានធ្វើឡើងដោយផ្ទាល់ និង​តាម​រយៈ​ប្រ​ព័ន្ធ​​វី​​ដេអូ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការ​​លើក​​កម្ពស់​​សហ​គ្រិន​ភាព​របស់ស្ត្រី គឺជា​កិច្ចការ​​មួយដ៏​​សំ​ខា​ន់​ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្ត្រីក្នុង​​ការចូល​រួម​នៅ​ក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី​លើក​កម្ពស់ជីវភាព​របស់​ខ្លួន និងគ្រួសារ ក៏ដូចជាការចូលរួម​ក្នុងការ​អភិវឌ្ឍ និងការធ្វើ​​សមា​​ហរណកម្ម សង្គម​-សេដ្ឋកិច្ចអាស៊ាន ឱ្យកាន់តែ​មានភាព​​ប្រសើរឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បន្តថា ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច​​បានយ៉ាង​ពេញលេញ និង​ទូលំ​ទូ​លា​យ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តា​ចាំបាច់ និង មិនអាចខ្វះបាន ។ ក្នុងន័យនេះ រដ្ឋា​ភិបាល​នៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាត​ព្វកិច្ច​​ធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួល​​បានការ​អប់រំ, ការបណ្តុះបណ្តាល​ជំនាញ​​វិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាព​ជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ ។

សម្តេចតេជោ ក៏ជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ នាថ្ងៃនេះ នឹងបន្តក្លាយជា វេទិកាសម្រាប់ការ​បំផុស និង ជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន។ជាមួយគ្នានេះ សម្តេចតេជោ​ក៏លើកទឹកចិត្តឱ្យអាស៊ាន បន្តរៀប​ចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាព​​នៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅ​ក្នុង​បុព្វហេតុនៃការសម្រេចឱ្យបាន​នូវសមភាពយេនឌ័រនៅក្នុងប្រទេស និងក្នុងតំបន់ ៕