ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្នើរដ្ឋាភិបាលដាក់បញ្ចូលឈ្មោះអ្នករកស៊ីដែលបានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មឱ្យក្លាយជាសមាជិករបស់សភាពាណិជ្ជកម្មតែម្ដង ដើម្បីឱ្យធុរជនទទួលបានព័ត៌មានជាក់លាក់ពីសកម្មភាពវិនិយោគ។
ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមជាអគ្គនាយកក្រុមហ៊ុន ម្ចាស់សហគ្រាស ចំនួន៦០រូប។
ក្នុងឱកាសដែរ លោកស្រី សូលីដា ដែលជាអ្នកនាំចូលគ្រឿងសម្អាងមួយរូប លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានរបស់សភាពាណិជ្ជកម្មមិនទាន់បានទូលំទូលាយដែលជាហេតុធ្វើឱ្យធុរជនដែលរកស៊ីនៅកម្ពុជា ពុំបានដឹងថា ការរកស៊ីបែបណាឱ្យត្រូវតាមច្បាប់ និងរកស៊ីបែបណាមិនស្ថិតនៅក្នុងខ្សែដេក និងខ្សែឈររបស់ច្បាប់ការងារនោះទេ។
យ៉ាងណា សំណើររបស់សភាពាណិជ្ជកម្មកម្ពុជានាពេលនេះ មន្រ្តីរាជរដ្ឋាភិបាល លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ មិនបានឆ្លើយតបភ្លាមៗនៅឡើយទេ ដោយរងចាំការដាក់ពាក្យស្នើរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មជាមុនសិន៕