ក្រុមហ៊ុន តូយ៉ូតា បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដើម្បីរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងតំណាង ក្រុមហ៊ុន តូយ៉ូតា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ថ្លែងក្នុងជំនួបនោះ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រាប់លោក ស៊ុន ចាន់ថុល អំពីសំណើរបស់ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid។
លោកថ្លែងយ៉ាងដូច្នេះថា«ការស្នើនេះ គឺសំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ»។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនបានស្នើនេះ អាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យ៉ាងណា ឯកឧត្តម នឹងខិតខំ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់ទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅកម្ពុជា។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕