រដ្ឋសភាជាតិ អនុម័តយល់ព្រមសំណើរសុំបំពេញបន្ថែមដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភាជាតិបានអនុម័តយល់ព្រមសំណើរសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែតុលាម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃសុក្រ ទី១៤នេះដែរ រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ក្រោមវត្តមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ឈប់មុខតំណែង។

ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន រាជរដ្ឋាភិបាលកម្ពុជាក៏ចាត់តាំងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្រ្តីស្តីទីជំនួសរហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី។

រដ្ឋមន្ត្រីវ័យក្មេង លោក ទីណា ធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំង ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល៕