ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។
បើតាមការទំព័រហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគគម្រោងទាំងនោះរួមមាន៖
១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។
២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។
៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។
៤-“YI ZHOU HONG RI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤៤កន្លែង។
៥- ក្រុមហ៊ុនទី៥ “FORESTSTAR TREE INDUSTRIAL (CAMBODIA) CO., LTD.” ដែលជាគម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អរដើមណូអែល សម្ភារៈគ្រប់ប្រភេទសម្រាប់តុបតែងលម្អរដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៦៨កន្លែង។
សូមជម្រាបដែរថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី សរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ។ ក្នុងនោះដែរ គម្រោងវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន១៦គម្រោង ខណៈទុនវិនិយោគក៏មានការកើនឡើងប្រមាណ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ផងដែរ៕