តាមរយៈជំនួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ រដ្ឋ មន្ត្រី ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញគោលដៅថា កម្ពុជា បានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ផងដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា-វៀតណាម បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅនេះ។ ឯកឧត្តមបន្តថា កម្ពុជា បានស្នើដល់វៀតណាម ជួយជំរុញឱ្យសម្រេចបានទិសដៅទាក់ទាញ ទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់ស្រាប់ទៅហើយ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះ ក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។
ដោយឡែក ចំពោះការតភ្ជាប់ផ្លូវអាកាសវិញ ភាគីទាំងពីរ បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន៖ សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះ គឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣។
ជាងនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពគ្នា នឹងជំរុញការផ្លាស់ធុរកិច្ច និងទស្សនកិច្ចរវាងវិស័យសាធារណៈ និងឯកជនឱ្យយបានច្រើន ពិសេសវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រវាងកម្ពុជានិងវៀតណាម៕