គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ក្រសួងបានចុះ MoU លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ ដែលអាចឈានទៅធ្វើការបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។ នេះបើតាមការឱ្យដឹងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន​ ជាមួយលោក ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿននេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ។

ជាមួយគ្នានេះ លោកបានបង្ហាញក្តីសង្ឃឹមទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នាជាមួយនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។

ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប លោកអះអាងថា ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្រ្តីវៀតណាមថែមទៀត។

ក្រសួងសាធារណការ ធ្លាប់បានបង្ហើបថា គម្រោង​នេះអាចនឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ ហើយ​នឹង​មាន​ប្រវែង​សរុប ១៣៥​គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង មុន​នឹង​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕ អត្ថបទ៖ រង្សី