បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានធ្វើឱ្យប្រទេសកម្ពុជា មានរដ្ឋមន្ត្រីវ័យក្មេងគ្រប់គ្រងក្រសួងចំនួន ៣រូបហើយ ដែលមានវ័យក្រោម ៤៥ឆ្នាំ។
តើរដ្ឋមន្ត្រីវ័យក្មេង ៣រូប ក្នុងចំណោមរដ្ឋមន្ត្រីទាំង ២៩រូប ដែលគ្រប់គ្រងក្រសួង ស្ថាប័ន មាននរណាខ្លះ? ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. លោក សាយ សំអាល់ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (វ័យ៤២ឆ្នាំ)
លោក សាយ សំអាល់ នៅតែជារដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតរបស់កម្ពុជា។ លោកកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ និងជាកូនពៅក្នុងចំណោមបងប្អូនពីរនាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
លោក សាយ សំអាល់ ជាបញ្ញវន្តវ័យក្មេង ដែលទទួលបានការបណ្ដុះបណ្ដាលពីប្រទេសលោកខាងលិចផ្នែកជំនាញជីវសាស្ត្រ ដោយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជីវវិទ្យាវិទ្យាសាស្ត្រ (Biological Sciences) នៅមហាវិទ្យាល័យម៉ូណាស (Monash University) ប្រទេសអូស្ត្រាលី។ កាលមានអាយុ ១៣ ឆ្នាំ លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យទៅសិក្សានៅប្រទេសសិង្ហបុរី ចូលរៀនពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ដោយរៀនទាំងភាសាអង់គ្លេស ភាសាចិន និងភាសាម៉ាឡេ។ ក្រោយមកបានបន្ដការសិក្សាថ្នាក់ទី ១០ ដល់ទី ១២ នៅប្រទេសអូស្ដ្រាលីដោយតម្រង់ទិសខាងផ្នែកជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងជាប់ជាបេក្ខភាពបណ្ឌិតជំនាញជីវសាស្ដ្រនៅប្រទេសអូស្ដ្រាលី។
នៅឆ្នាំ ២០០៨ ពេលវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជីវសាស្ដ្រនៅប្រទេសអូស្រ្តាលី លោកបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី មានឋានៈជាប្រធានអាជ្ញាធរបឹងទន្លេសាប។ បន្ទាប់មកបានកាន់តំណែងជាអគ្គលេខារង និងជាអគ្គលេខានៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយលោកក៏ជាប្រធានគណៈពង្រឹងនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម មុនពេលទទួលតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលឆ្នាំ២០១៣។
២. លោក ឌិត ទីណា ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (វ័យ៤៣ឆ្នាំ)
កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ រាជធានីភ្នំពេញ ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅឆ្នាំ ១៩៩៤ លោក ឌិត ទីណា បានចេញទៅបន្តការសិក្សានៅប្រទេសបារាំងចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០២។ ឆ្នាំ ២០០២ ជាឆ្នាំដែលលោកបញ្ចប់ការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែនៅទីក្រុងប៉ារីស ប្រទេសបារាំង Ecole Nationale superieure des mines de Paris ដោយទទួលសញ្ញាបត្រវិស្វកររ៉ែ។ ក្រៅពីសញ្ញាបត្រវិស្វកររ៉ែ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ Orsay,Paris Sud នៅឆ្នាំ២០០០។
លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រជាដើម។ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានសមាជិករដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
៣. លោក កើត រិទ្ធ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (វ័យ៤៣ឆ្នាំ)
កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ មានទីកន្លែងកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ លោកជាអតីតនិស្សិតពូកែ ទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំង នៅឆ្នាំ១៩៩៩។ ឆ្នាំ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង ចំណែកឆ្នាំ២០០១ លោកទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អណាស់។ នៅឆ្នាំ២០០២ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំងផងដែរ។
ក្រៅពីការសិក្សា និងស្នាដៃជាច្រើន លោក កើត រិទ្ធ ក៏មានបទពិសោធន៍ការងារជាច្រើនផងដែរ ក្នុងនោះ ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៦ ជាសាស្រ្តាចារ្យផ្នែក ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះ លោក ក៏បានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្ត។ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈកម្មការមូលបត្រកម្ពុជា។ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ។
ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕