មេធាវី លី ច័ន្ទតុលា ជាប់ជាប្រធានគណៈមេធាវីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៤ ឆ្នាំ២០២២-២០២៤ ដោយទទួលបានសម្លេងឆ្នោតសរុបចំនួន ២០១៦ ស្មើនឹង ៩៨.៥៨% នៃអង្គបោះឆ្នោត នៅថ្ងៃអាទិត្យទី១៦ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជាប់ឆ្នោតលើកនេះគឺជាអាណត្តិទីពីររបស់លោក ខណៈលោកជាបេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៤ តែម្នាក់ឯងគត់ ដោយសារគ្មានមេធាវីណាដាក់ពាក្យប្រជែងជាមួយ។ លោក លី ច័ន្ទតុលា ធ្លាប់បានលើកឡើងលើទំព័រហ្វេសប៊ុកពេលកន្លងទៅដោយបានបង្ហាញពីការប្តេជ្ញាបន្តដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវី ទៅរកឧត្តមភាពនិងកិត្យានុភាព ដើម្បីជាឧត្តមប្រយោជន៍របស់សហភាតាមេធាវីទាំងអស់ និងសង្គមជាតិកម្ពុជា។

គួររំលឹកថា លោក លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា សម្រាប់អាណត្តិទី១៣ លើកទី១ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងមហាសន្និបាតរបស់គណៈមេធាវី ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់។

លោកត្រូវបានចាត់ទុកថាជាមេធាវីដែលមានបទពិសោធការងារជោគជាំលើវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ លោកជាអតីតនិស្សិតឆ្នើមមាននិទ្ទេសល្អដែលបានទៅសិក្សានៅប្រទេសបារាំង។

លោក លី ច័ន្ទតុលា ធ្លាប់បានបម្រើការងារនៅតាមស្ថាប័ន ក្រុមហ៊ុនឯកជនជាច្រើន និងធ្លាប់ជាសមាជិកក្រុមការងារ​ច្បាប់ និង​គោល​នយោបាយ​ប្រកួតប្រជែង នៅក្រសួងពាណិជ្ជកម្ម, ជាក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា ហើយក៏ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី៕