សម្តេច ហ៊ុន សែន ផ្តាំទៅមន្រ្តីកសិកម្ម និងអាជ្ញាធរមិនត្រូវជិះសេះមើលផ្កាទេ ត្រូវនៅជិតពលរដ្ឋជានិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តាំទៅមន្រ្តីកសិកម្ម និងអាជ្ញាធរ មិនត្រូវជិះសេះមើលផ្កានោះទេ ត្រូវនៅជិតប្រជាពលរដ្ឋ យកចិត្តទុកដាក់តម្រូវការនានារបស់ប្រជាពលរដ្ឋ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្រ្តីចុះវាយតម្លៃប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រូវពន្លឿនការងារ កន្លែងណាវាយតម្លៃហើយសូមដឹកស្រូវពូជជូនប្រជាជនឲ្យបានទាន់ពេលវេលា បើកន្លែងណាមិនអាចដាំស្រូវបានត្រូវផ្តល់ពូជដំណាំ។

សូមជម្រាបជូនថា កម្ពុជាស្ថិតក្នុងរដូវវស្សានេះនៅតាមបណ្តាខេត្តមួយចំនួនបាននឹងកំពុងរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលរាជរដ្ឋាភិបាលក៏បានផ្តល់ពូជ​ស្រូវស្រាលមិនប្រកាន់រដូវដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកជំនន់បានស្រក។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី បណ្ដាខេត្តដែលមានការលិចលង់ដោយទឹកភ្លៀងមានចំនួន ២២ ខេត្ត និងចំនួន ៩៦ស្រុកខណ្ឌ និង ៧៧០ ឃុំដែលបានលិចលង់។ ខូចខាតចំនួនជាងមួយសែនប្រាំម៉ឺនហិកតាស្រូវលិចទឹកដំណាំ រួមផ្សំទឹកលិចចំនួន ៤ម៉ឺន ១ពាន់ ២៤ហិកតា។ យ៉ាងណាសម្តេចតេជោបានអំពាវនាវឲ្យបែងចែកមន្ត្រីចុះធ្វើការដោយម្ខាងចុះវាយតម្លៃរួមជាមួយនឹងខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃពីខាងខូចខាត និងម្ខាងទៀតត្រៀមរៀបចំពូជដើម្បីបញ្ចេញពីឃ្លាំងស្តុក ដើម្បីបញ្ជូនពូជស្រូវ ឬពូជដំណាំទាំងនោះជូនប្រជាជន៕