ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» កាលថ្ងៃទី១៤ ខែតុលានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកម្ពុជាបានបានកំណត់យុទ្ធសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេសនៅកម្ពុជា។
លោក ខៀវ សុភ័គ បានឱ្យដឹងថា បានបានកំណត់យុទ្ធសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេសនៅកម្ពុជា ក្នុងនោះរួមមាន៖ ១.ទប់ស្កាត់ម៉ឹងម៉ាត់មិនឱ្យមានកំណើនបន្ថែមទៀតនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្តើមចេញពីការចុះធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្តឡើងវិញ ២. យកចិត្តទុកដាក់ជំរុញដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមានក្នុងប្រទេសឱ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងទី៣. គ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសមិនមែនអន្តោប្រវេសន្តគ្រប់ប្រភេទ។
ជាមួយគ្នានេះ លោកបន្តថា ចំពោះការងារអន្តោប្រវេសន៍ ក្រសួង បានខិតខំទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ការលួចជ្រកទី សកម្មភាពរបស់អង្គការភេរវកម្មនានា លំហូរស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន្ត និងធានាបាននូវការចេញ-ចូលប្រទេសប្រកបដោយភាពវិជ្ជមាន ចំពោះនយោបាយទេសចរណ៍ ជាតិ នយោបាយវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍជាដើម។
សូមបញ្ជាក់ដែរថា គិតត្រឹម ៩ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់ទិដ្ឋាការចូលសរុប ៦ ៤៣៧ ១៤៣ទិដ្ឋាការ, ទិដ្ឋាចេញចំនួន ២៥ ៩៨២ទិដ្ឋាការ និង អនុញ្ញាតឱ្យបន្តស្នាក់នៅសរុប ២ ១៤៦ ៤៤៣នាក់។
ជាមួយគ្នានេះ គិតត្រឹម ៩ខែ ក្នុងឆ្នាំ២០២២នេះផងដែរ ក្រសួង ក៏បានអនុវត្តនីតិវិធីទប់ស្កាត់ការចេញ-ចូលខុស ច្បាប់ និងបទល្មើសអន្តោប្រវេសន៍ ដោយបានផ្អាកដំណើរមិនឱ្យចេញ-ចូលកម្ពុជា និងបញ្ជូនទៅ ប្រទេសដើមវិញចំនួន ៦០សញ្ញាតិ ស្មើនឹង ៨០៨នាក់ និងបានបណ្តេញចេញអ្នកប្រព្រឹត្តបទល្មើស ចំនួន ៣២សញ្ជាតិ ស្មើនឹង ៣ ៥៨៣នាក់៕ អត្ថបទ៖ រង្សី