អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលត្រូវជា ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំនាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប កំពុងតែចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ។នេះបើតាមការឱ្យដឹងពី ក្រុមការងារប្រតិបត្តិព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត  និងសហការី ព្រមទាំងក្រុមការងារ ស.ស.យ.ក  ខេត្តសៀមរាប កាលពីថ្ងៃទី១៧​ ខែ តុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត និងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា «កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រុមការងារពាក់ព័ន្ធខេត្តសៀមរាប បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្ត ឆ្នាំ២០២៣ ដែលត្រូវនឹងខួប១០ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ»។

ឯកឧត្តមបន្តថា ចំពោះការរៀបចំទីតាំងដើម្បីប្រារព្ធកម្មវិធីនីមួយៗនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ គឺមិនមានអ្វីដែលផ្លាស់ប្តូរច្រើនទេទាំងនៅប្រាសាទអង្គរវត្ត និងនៅប្រាសាទបាយ័ន្ត តែនឹងមានបន្ថែមទីតាំងមួយចំនួននៅក្នុងក្រុងសៀមរាប។

គួរបញ្ជាក់ផងដែរ ការរៀបចំលម្អកន្លែង ឬឆាក និងការទទួលខុសត្រូវតាមបណ្តាកម្មវិធីមួយៗ គឺជាភារកិច្ចរបស់ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងៗតាមជាក់ស្តែង។យ៉ាងណា ភាគីពាក់ព័ន្ធ ក៏ស្នើដល់សាធារណជន  សូមរង់ចាំតាមដានថាតើព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នឹងមានអ្វីដែលថ្មី និងមានអ្វីដែលប្លែកខ្លះ ៕