សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើឱ្យក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងឱ្យបានទាន់ពេលវេលា។ ការស្នើនេះធ្វើឡើងនៅក្នុងពេលដែលក្រុមហ៊ុន ធី ស៊ី វី ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក នាព្រឹកថ្ងៃទី១៨ ខែតុលានេះ។

ជាមួយគ្នានេះ សម្តេចបានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទាំងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។
សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។
គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ហើយតាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ៕
