តាមរយៈក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធាន ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការគាំទ្រឱ្យក្រុមហ៊ុនកូរ៉េ ដ៏ធំមួយនេះ វិនិយោគបន្ថែមលើវិស័យ FinTech នៅប្រទេសកម្ពុជា។
ថ្លែងក្នុងជំនួបខាងលើ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ ( ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាព មនុស្សធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា។
ភ្ជាប់ជាមួយគ្នានេះ ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាតន ជំងឺកូវីដ ១៩, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ពីការរីកចម្រើន និងសារះសំខាន់នៃវិស័យ digital ក៏ដូចជា FinTech នៅប្រទេសកម្ពុជា និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោតបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍ វិស័យ FinTech នៅប្រទេសកម្ពុជាជាដើមផងដែរ។
ជុំវិញការលើកឡើងនេះ លោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសផ្នែកពន្ធដា ដែលកម្ពុជា ក៏ដូចជាសាធារណៈរដ្ឋកូរ៉េ ដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ លោកថា ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើនោះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បន្តផ្តល់ការគាំទ្រ និងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុននៅកម្ពុជាថែមទៀត៕