លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវ រវាងប្រទេសទាំងពីរ (កម្ពុជា-ទីម័រខាងកើត) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រយៈពេលបីថ្ងៃនៅកម្ពុជា។

ប្រធានាធិបតីទីម័រខាងកើតរូបនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់រាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ ៩:៥០នាទីព្រឹក នាថ្ងៃពុធនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា-ទីម័រខាងកើត នឹងចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កន្លងទៅ ភាគីទាំងពីរ បានពិភាក្សាគ្នាពីបញ្ហាទ្វេភាគីទាំងក្នុងតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដោយបានឯកភាពគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងអភិវឌ្ឍធនធានមនុស្ស។

យ៉ាងណាមិញ ភាគីទាំងពីរ ក៏បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរស នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពគ្នាជំរុញឱ្យពិនិត្យលទ្ធភាព នៃការបង្កើនសកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានស្រាប់ ខណៈទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសទីម័រខាងកើត មានប្រមាណ ៣០ ម៉ឺនដុល្លារក្នុង ១ឆ្នាំៗ។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership – EAL) ជូនឯកឧត្តមបណ្ឌិត José Ramos-Horta ផងដែរ ដែលកម្មវិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ)៕