តាមរយៈកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ការចុះបញ្ជីរថយន្តលេខពិសេសនៅកម្ពុជា កើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះ បញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់ តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត។
លោកជំទាវ បានបញ្ជាក់បន្ថែមថា អង្គប្រជុំនេះ ក៏បានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។ ជាងនេះទៀត លោកជំទាវ ក៏បានជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថលផងដែរ។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដែលបង្ហាញក្នុងកិច្ចប្រជុំខាងលើនេះ បានឱ្យដឹងថា៖ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ដោយឡែក បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ឬស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក៕