អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានចេញសេចក្តីណែនាំដល់ ប្រតិបត្តិករកាស៊ីណូទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនលើ៥ចំណុច ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អាចប្រព្រឹត្តិទៅស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីណែនាំចុះថ្ងៃទី២០ តុលានេះ លើកឡើងថា ប្រតិបត្តិករកាស៊ីណូទាំងអស់ត្រូវអនុវត្តន៍តាមការណែនាំ៥ចំណុចខាងក្រោមរួមមាន៖
១. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកជាចម្បងលើគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល (សជណ) ដែលបានកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រនៃ ការស្នើសុំអភិវឌ្ឍកាស៊ីណូ និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
២. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅ ក្នុងអាជ្ញាបណ្ណកាស៊ីណូប៉ុណ្ណោះ។
៣. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបានដាក់ពាក្យស្នើសុំ និងកំពុងបំពេញលក្ខខណ្ឌតម្រូវ ដើម្បី បន្តសុពលភាពអាជ្ញាបណ្ណឆ្នាំ២០២២ គ.ល.ក. បានចេញលិខិតបញ្ជាក់នីតិភាពជូនសម្រាប់ បន្តនិរន្តរភាពអាជីវកម្មកាស៊ីណូសម្រាប់ឆ្នាំ២០២២ នេះស្របច្បាប់ និងអាចធ្វើប្រតិបត្តិការ កាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅក្នុងលិខិតបញ្ជាក់នីតិភាពប៉ុណ្ណោះ ហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។
៤. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ករណីមានការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លង នៅទីតាំងផ្សេងនឹងត្រូវចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងការចាត់វិធានការនានាតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
៥. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថាក្នុងករណី ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការ ដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន៕