កម្ពុជា និងទីម័រខាងកើត ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរដើម្បីជំរុញការវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។
ពិធីចុះហត្ថលេខាធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលាម្សិលមិញនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បន្ទាប់ពីមានកិច្ចជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ក្នុងជំនួបទ្វេភាគីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យប្រទេសទីម័រជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលទើបតែចុះហត្ថលេខារួចហើយ និងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្តិសុខ ផងដែរ។
បន្ថែមពីនេះ សម្តេចតេជោបានស្នើដល់ភាគីទីម័រខាងកើត ឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យ កសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងជំរុញការនាំចេញស្រូវពីកម្ពុជាទៅទីម័រខាងកើត ផងដែរ៕