ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ គម្រោងថ្មីមួយគ្រោងដុះឡើងនៅក្នុងទឹកដីអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ គម្រោងនេះជាប់នឹងកំពង់ចម្លងអរិយក្សត្រអភិវឌ្ឍន៍ដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ គ្រប់គ្រងពីឧកញ៉ា ឃុន សៀ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការអនុបយោគលើផ្ទៃដីទំហំជាង ៧០ហិកតា។
បច្ចុប្បន្នគម្រោងនេះ កំពុងតែពន្លឿននៃការអភិវឌ្ឍ និងធ្វើច្រាំងទន្លេឱ្យដូចទីក្រុងកោះពេជ្រ និងកោះនរា។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្លាប់បានបញ្ជាក់ថា ការចាក់ថ្មលុបទន្លេនេះ គឺជាការអភិវឌ្ឍន៍ស្រដៀងនិងតំបន់កោះពេជ្រ និងកោះនរា ហើយចំពោះការអភិវឌ្ឍទៀតសោត នឹងបង្កើតជាតំបន់ទេសចរណ៍ ឬអាគារពាណិជ្ជកម្មខ្ពស់ៗ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានឈានមួយជំហានធំជាមួយនឹងគម្រោងសាងសង់ស្ពាននៅតំបន់អរិយក្សត្រ ដែលត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសជួយកសាងទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈបច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនកំពុងសិក្សានឹងឈានទៅបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ខាងមុខ ខណៈដែលការសិក្សាគម្រោងជិតចប់សព្វគ្រប់អស់ហើយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានប្រកាសសិក្សាគម្រោងបង្កើតក្រុងថ្មីមួយបន្ថែម នៅក្នុងស្រុកល្វាឯម ដែលស្ថិតនៅខាងកើតទន្លេចតុមុខ។ ចំពោះសក្តានុពលនៃការអភិវឌ្ឍនៅតំបន់អរិយក្សត្រ ស្រុកល្វាឯម អ្នកជំនាញបានលើកឡើងថា នឹងធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ ហើយធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានតម្លៃកាន់តែឡើងខ្ពស់ខ្លាំង។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រវាជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញមានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបបញ្ហាការលំបាកធ្វើដំណើរ។ បើគ្មានស្ពានទេត្រូវការពេលវេលាយូរក្នុងការឆ្លងសាឡង”។
លោកគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍនឹងរីកចម្រើនលឿនដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី។
ដំណឹងនៃការសាងសង់ស្ពានភ្ជាប់ទៅតំបន់អរិយក្សត្រ និងការបង្កើតក្រុងល្វាឯម បានធ្វើឲ្យហាងឆេងដីធ្លីនៅតំបន់នោះហើបឡើងយ៉ាងខ្លាំង។ បើតាមឈ្មួញរកស៊ីអចលទ្រព្យ បច្ចុប្បន្នដីនៅអរិយក្សត្រតំបន់ល្អជាប់មាត់ទន្លេ មានតម្លៃជាមធ្យមក្នុងរង្វង់ ១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំណែកដីឡូត៍លំនៅឋានមានតម្លៃក្នុងរង្វង់ ១០០-៣០០ ដុល្លារ និងដីសម្រាប់អភិវឌ្ឍន៍ធំៗមានតម្លៃជាមធ្យមចន្លោះពី ១៨០-២៥០ ដុល្លារ៕