អភិបាលខេត្តកោះកុង ជួបជាមួយគណៈប្រតិភូវិនិយោគចិន ដើម្បីជជែកអំពីសក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មនិងគោលបំណងរបស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
ក្រុមហ៊ុនដែលបានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង មានឈ្មោះថា China Matrix Technology Group-Horche Intelligent Automobile ។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានលើកឡើងថា ជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។
ថ្លែងប្រាប់ក្រុមវិនិយោគិនចិន តាមប្រព័ន្ធវីដេអូអនឡាញនេះ លោកស្រីបានបង្ហាញអំពីភូមិសាស្ត្រ និងសក្តានុពលវិនិយោគរបស់ខេត្តកោះកុង ដែលក្រៅពីវិស័យកសិកម្ម នៅមានវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំង ពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជនមានប្រមាណ ១៥,១% នៃប្រជាជនសរុប។
ទន្ទឹមនឹងនោះ លោកស្រីបញ្ជាក់ថា វិស័យរ៉ែ និងថាមពល ក៏បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយ គុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិមានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត។
បើតាមលោកស្រី មិថុនា ភូថង ក្នុងឆ្នាំ២០២១ ខេត្តកោះកុងមានឧស្សាហកម្មធុនធំចំនួន ០៧រោងចក្រ សហគ្រាស មានចំនួនកម្មករ និយោជិកចំនួន១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡា។ ចំណែក សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម មានចំនួន៧៥៥ មូលដ្ឋាន។
កោះកុងជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា ហើយក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន០១គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។ ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា–ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។
យ៉ាងណា សម្រាប់កិច្ចប្រជុំនាពេលនេះ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូក្រុមហ៊ុនចិន និងរដ្ឋបាលខេត្ត អាចនឹងឈ្វេងយល់ពីគ្នាកាន់តែល្អប្រសើរ និងកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងអាចបង្កើតបាននូវកាលានុវត្តភាពវិនិយោគ ក្នុងខេត្តកោះកុង លើវិស័យបច្ចេកវិទ្យារថយន្តអគ្គិសនី ដែលជាការរួមចំណែកអនុវត្តគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់រដ្ឋាភិបាលចិន និងដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាល ប្រែប្រួលថ្មី និងសម្រេចឱ្យបានបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕