ថ្លែងក្នុងឱកាសជាអធិបតីសម្ពោធជាផ្លូវការក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។
លោកថា ក្នុងស្មារតីនេះក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។
លោកបន្ថែមថា ដើម្បីគោលដៅនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៩៨ គម្រោង ដែលមានទុនវិនិយោគសរុបជាង ២ ៩៩៨ លានដុល្លារ កើនឡើង១១គម្រោងបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ខណៈទុនវិនិយោគកើនឡើងចំនួន២៩លានដុល្លារ។
តាមទិន្នន័យនេះ វិនិយោគក្នុងស្រុកបានចូលរួមចំណែកជាងពាក់កណ្តាលនៃទុនវិនិយោគសរុបនៅកម្ពុជា គឺប្រមាណ ៥៣.២៣% ឬប្រមាណ ១.៥៩ពាន់លានដុល្លារ នាំមុខវិនិយោគចិនដែលមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំនេះ។ ប៉ុន្តែបើគិតពីប្រភពទុនវិនិយោគបរទេសវិញ ចិននៅតែឈរនៅលំដាប់ទី១ ដែលនាំប្រភពទុនមកវិនិយោគនៅកម្ពុជាច្រើនជាងគេ ពោលគឺនាំមុខ ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី៕