កម្ពុជា-ចិន ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ ហើយរយៈពេល៦៤ឆ្នាំនៃចំណងការទូតជាប្រពៃណីនេះ បានពូនច្របាច់បញ្ចូលគ្នាយ៉ាងស្អិតល្មួត ជាទំនាក់ទំនងចាស់វស្សា ដែលមើលឃើញថា ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ត្រឹមឆ្នាំ២០២២នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាប្រមុខរដ្ឋចិនទី៤ ដែលបានមកកាន់កម្ពុជាបន្តភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ដោយឡែកសម្រាប់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
- តើក្នុងនាមប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាលើកដំបូងនៅឆ្នាំណា?
លោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតីចិនទី៤ ដែលមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ នេះក៏មិនមែនជាលើកទីមួយឡើយដែលលោកមកកាន់រាជធានីភ្នំពេញនោះ។ កាលពីឆ្នាំ២០០៩ លោក ស៊ី ធ្លាប់ទស្សនកិច្ចកម្ពុជាម្ដងដែរ ពេលនោះលោកនៅជាអនុប្រធានាធិបតីនៅឡើយ។
កាលណោះប្រធានាធិបតីចិន ស៊ី ជីនពីង មិនមែនមកទស្សនកិច្ចនៅប្រទេសកម្ពុជាដោយដៃទទេនោះទេ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងឋានៈជាប្រមុខរដ្ឋ លោកបានសន្យាផ្ដល់ជំនួយប្រមាណ ២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត ៩០លានដុល្លារ ផ្ដល់ជំនួយគាំទ្រយោធាជិត១៥លានដុល្លារ និងចុះកិច្ចព្រមព្រៀងថ្មីៗជាច្រើន។
បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជា លោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ បន្ទាប់មកជួបជាមួយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងអប់រំថ្មីៗជាច្រើនផងដែរ។
រហូតមកទល់ឥឡូវ បើនិយាយពីទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយកម្ពុជា ប្រទេសចិនឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។
តាមពិតទៅ មិនត្រឹមតែប្រធានាធិបតីចិន ថ្នាក់ដឹកនាំចិនកំពូលៗស្ទើរគ្រប់ជំនាន់ សុទ្ធតែធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតផងដែរ៕