ពីក្មេងកំព្រាឪពុក១រូប តស៊ូជម្នះភាពក្រខ្សត់ រៀនចប់អនុបណ្ឌិតពីថៃ ក្លាយជានាយកសាលាឯកជនមួយ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែត ផាន់និត កើតនៅក្នុងគ្រួសារក្រីក្រមួយ ដែលពេលខ្លះ​ធ្លាប់​​ញ៉ាំបាយ​ជាមួយ​​ប្រហុក​​ទទេ ព្រោះ​គ្មាន​លុយ​ទិញ​​ម្ហូប​ញ៉ាំ​គ្រប់គ្រាន់ ​​ហើយ​​លោក​បាន​​​កំព្រា​ឪពុក​តាំង​ពី​អាយុ​១៥​ឆ្នាំ។ ទោះយ៉ាងណា ​​យុវជន​រូប​នេះ ​​បាន​ខិតខំ​តស៊ូ​ជម្នះ​ភាព​ក្រខ្សត់ ​​និង​ការ​មើលងាយ​ពី​អ្នក​​​​ដទៃ​មួយ​ចំនួន ​​រហូត​​លោក​អាច​រៀន​ចប់​អាហារូបករណ៍​​ថ្នាក់​អនុបណ្ឌិត​ពី​ប្រទេស​ថៃ និង​​បាន​កាន់​តំណែង​ជា «នាយកសាលា» នៅ​សាលារៀន​ខេមហ្វឺស សាខាពោធិ៍ចិនតុង នៅឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ លោក ប៉ែត ផាន់និត បច្ចុប្បន្ន​វ័យ៣១ឆ្នាំ បានរៀបរាប់ពីប្រវត្តិគ្រួសារឱ្យដឹងថា លោកមាន​ស្រុក​កំណើត​នៅ​ ភូមិ​បាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល ​និង​មាន​បងប្អូន​៥​​នាក់ (ប្រុស៤ ស្រី១) ​​ហើយ​លោក​ជា​កូន​ពៅគេ។ ឪពុករបស់លោក ជាអ្នករកត្រី និង​ជា​អ្នក​ដឹកនាំ​ក្រុម​ល្ខោន​បាសាក់ ហើយម្តាយជាអ្នក​លក់ត្រី និងធ្វើស្រែចំការ។ កាលនៅតូច គ្រួសាររបស់លោក ស្ថិតក្នុងជីវភាពក្រខ្សត់ ដោយ​មាន​ផ្ទះ​ឈើ​មួយ ​​ជញ្ជាំង​​​បាំង​ដោយ​ស្លឹក​ត្នោត និង​ដើម​កក់។ លុះដល់​អាយុ​១៥​ឆ្នាំ ឪពុករបស់លោក បាន​លា​ចាក​លោក​ទៅ​ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ​លោក​គ្រួសារ​របស់​លោក​ជួប​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។

ក្រោយ​ពេល​​គ្មាន​ឪពុក​​ជា​ជំហរ ​​បូក​រួម​ទាំង​គ្រួសារ​​កំពុង​​ខ្វះខាត​ទៀត​នោះ បាន​ធ្វើ​ឱ្យ​បងៗ​របស់​លោក​ទាំង​៤​នាក់ ឈប់​រៀន​ត្រឹម​ថ្នាក់​​បឋមសិក្សា និង​ខ្លះ​បាន​ត្រឹម​ថ្នាក់​ទី​៧ នៅ​អនុវិទ្យាល័យ​ប៉ុណ្ណោះ។ បង​ប្រុស​ច្បង​របស់​លោក បាន​ទៅ​ធ្វើ​ជា​សន្តិសុខ និង​បងៗ​បន្ទាប់ ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការងារ​រោងចក្រ ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ។ ចំណែក​រូប​លោក ​​​នៅ​ផ្ទះ​តែ​២​នាក់​ម្តាយ ​​ជួយ​ការងារ​ធ្វើ​ស្រែ​ចំការ និង​ឆ្លៀត​ពេល​​បន្ត​សិក្សា​ជា​ប្រចាំនៅសាលារដ្ឋ និង​ឆ្លៀត​រៀនគួរ​អង់គ្លេស​ខ្លះៗ​នៅ​តាម​វិទ្យាស្ថាន។ ដោយសារ​គ្រួសារ​​មាន​ជីវភាព​ខ្វះខាត ​​ក៏មានអ្នកនៅក្នុងស្រុកភូមិខ្លះ បាន​មើលងាយ​ និង​​​​ប្រាប់​ម្តាយ​របស់​លោក​ថា មិន​ដឹង​​ខំ​ឱ្យ​កូន​រៀន​បាន​ប្រយោជន៍​អ្វី។

យ៉ាងណាក្តី ​​​ម្តាយ​របស់​លោក​តែងតែ​លើក​ទឹកចិត្ត​ឱ្យ​លោក​បន្ត​ការ​សិក្សា​ទៅ​ទៀត ព្រោះ​ជឿ​ថា​មាន​តែ​ការ​សិក្សា​ទេ ដែល​អាច​កែ​ប្រែ​វាសនា​កូន​របស់​ខ្លួន​បាន។ លោក ប៉ែត ផាន់និត ​​បាន​សិក្សា​នៅសាលា​បឋមសិក្សាបាក់ខែង និង​វិទ្យាល័យ​​ព្រែកលាប ​បន្ទាប់​មក​​លោក​បាន​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ភាសាអង់គ្លេស នៅ​ឆ្នាំ២០១៤។ ​ជីវិត​ជានិស្សិត​ រៀនផង ឆ្លៀត​ធ្វើការ​ផង រហូត​ដល់​ឆ្នាំ២០១៧ លោក​បាន​ជាប់​អាហារូបណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅ​រៀន​​នៅ​ប្រទេស​ថៃ ​​ហើយ​នៅ​ឆ្នាំ២០១៩ ​​លោក​បាន​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​រដ្ឋបាល​អប់រំ​ពី​សាកលវិទ្យាល័យ Prince of Songkla (PSU) ក្នុងឆ្នាំ២០១៩។

​ចំណែកឯបទពិសោធន៍​ការងារ​វិញ ​​លោក ប៉ែត ផាន់និត ​​បាន​ធ្វើ​​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស ​ក្រៅ​ម៉ោង​ តាំង​ពី​លោក​រៀន​នៅ​ថ្នាក់​ទី​១១ ​​រហូត​ដល់​លោក​​រៀន​នៅ​សាកលវិទ្យាល័យ​ ​ឆ្នាំ​ទី៣។ លុះ​ដល់​ឆ្នាំ​ទី​៤ ​​ឆ្នាំ២០១៤ ​​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​គេហទំព័រ​សារព័ត៌មាន​ Sabay។ ក្រោយ​​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ថៃ ​​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​សាលា​ខេមហ្វឺស​ សាខា​បាក់ទូក ​​ក្នុង​តួនាទី​ជា​នាយករង ប៉ុន្តែ​ដោយសារ​មាន​វិបត្តិកូវីដ-១៩ ​​​​សាលា​ផ្អាក​ដំណើរការ ​លោក​បាន​ទៅ​ធ្វើការ​នៅសាលា​ឯកជន​មួយ​ទៀត។

ដោយសារ​ស្ថានភាព​កូវីដ-១៩ ​នៅ​តែ​អូសបន្លាយ​ សាលា​ក៏​បន្ត​បិទ ​ក្រោយមក​លោក​ក៏​មក​ធ្វើជា Senior Program Producer ថ្នាក់ Management នៅក្រុមហ៊ុន អ្នក​ឧកញ៉ា គួច ម៉េងលី បានជិត១ឆ្នាំ។ បន្ទាប់​មក​ នៅ​​ពាក់កណ្តាល​ឆ្នាំ២០២២ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់សាលារៀនខេមហ្វឺស បានទាក់ទងមកលោក​ ឱ្យធ្វើជា​នាយក​សាខាពោធិ៍ចិនតុង ​ហើយ​លោក​ក៏​​​បាន​ព្រមព្រៀង ​ព្រោះ​​លោក​នៅ​តែ​ស្រលាញ់​ខាង​វិស័យ​អប់រំ ជាពិសេស​សាលាខេមហ្វឺស ជា​កន្លែង​ដែល​ផ្តល់​ឱកាស​និង​ជួយ​បណ្តុះបណ្តាល​ដល់​លោក កាល​ពេល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ថ្មីៗ​ផង​ដែរ។

សូម​ជម្រាបជូន​ថា លោក ប៉ែត ផាន់និត ​​​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ អំឡុង​ខែ​មេសា ឆ្នាំ២០១៧ ​​​​ហើយ​រំលងបានមួយខែ ពោលគឺនៅ​ខែ​ឧសភា ឆ្នាំ២០១៧ ​​លោក​ត្រូវ​​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភរិយា​ទាំង​អាល័យ ​ទៅ​បន្ត​សិក្សា​នៅ​ក្រៅ​ប្រទេស ​​ដើម្បី​​​អនាគត​របស់​ខ្លួន ​​អនាគត​គ្រួសារ និងប្រទេសជាតិ។ ​ក្រោយពី​ភាព​លះបង់​ ស៊ូ​​ឃ្លាត​ឆ្ងាយ​ពី​​គ្រួសារ ដែល​មាន​ភរិយា និងកូន​ប្រុស​តូច ​​មួយ​រយៈពេល​ធំ​ ​ទីបំផុត​លោក​អាច​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ​រហូត​ទទួលបានការតែងតាំងជា «នាយកសាលា» នៅ​សាលារៀន​ខេមហ្វឺស សាខាពោធិ៍ចិនតុង ជា​ផ្លូវការ កាល​ពី​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ២០២២៕ ​​​​