សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើង ក្នុងឳកាសអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងធ្វើការងារជាមួយបណ្តាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េច ធ្វើឲ្យហើយសម្រាប់ខ្ញុំ មុនចូលឆ្នាំខ្មែរ ដែលនៅសល់ប៉ុន្មានខែទៀត។ ខ្ញុំគិតថាអ្នកដែលលិចលង់ដោយទឹកជំនន់ មានមួយផ្នែកស្ថិតនៅក្នុងតំបន់ទន្លេសាប ហើយនេះជាសារមួយសម្រាប់ផ្ញើជូន ទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលនេះគឺជាការដោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានស្ថេរភាព នៅក្នុងការកសាងជីវភាពរស់នៅ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនន់នោះទេ ពួកគាត់បានរស់នៅច្រើនជំនាន់ ចូលដល់ខ្ទង់រយឆ្នាំទៅហើយ ដូច្នេះទោះក្នុងតំបន់២ តំបន់៣ក្តី ត្រូវសម្រួលឲ្យពួកគាត់អាចរស់នៅទីនោះ ហើយតំបន់៣ខ្លះ អាចកាត់មកជាតំបន់២ ហើយតំបន់២ អាចកាត់ចូលតំបន់១ សម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំកាប់ព្រៃលិចទឹក ក្នុងបឹងទន្លេសាប ត្រូវថែរក្សាព្រៃលិចទឹកនោះឲ្យបានល្អ ដើម្បីជាជម្រកត្រីពងកូន ជាប្រយោជន៍របស់ប្រជាជនយើង៕