ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានធ្វើការក្រើនរំលឹកដល់មន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាទាំងអស់ ត្រូវពង្រឹងជំនឿទុកចិត្តដល់សាធារណជន ដើម្បីរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។ការលើកឡើងដូច្នេះ ត្រូវបានបង្ហាញក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាសាខាកំពត កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់មន្រ្តីបុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពតទាំអស់ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។
ឯកឧត្តមក៏បាន ក្រើនរំលឹកដល់មន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាទាំងអស់ ពិសេសសាខាកំពត ឲ្យបានយល់កាន់តែច្បាស់ដែរថា «ការណ៍ដែលយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានស្ថិរភាព ទាំងនេះបានផ្ដល់ឱកាស ឲ្យយើងមានស្ថិរភាពហិរញ្ញវត្ថុ ដែលជាគោលដៅចំបងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជា»។
ហេតុនេះ ឯកឧត្តមទេសាភិបាល ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្រ្ដីត្រូវយកចិត្តទុកដាក់រួមមាន៖ បទពិសោធន៍គ្រប់គ្រងល្អ របស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់ បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយធ្វើយ៉ាងណាខិតខំពង្រឹងជំនឿទុកចិត្ត ដល់សាធារណជន ដើម្បីឈានទៅរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។
យ៉ាងណា ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ ក៏បានសង្កត់ធ្ងន់ដែរថា តម្លៃសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានទេ ដូចនេះយុវជនជំនាន់ក្រោយក៏ដូចជា មន្រ្តីបុគ្គលិកវ័យក្មេងទាំងអស់ត្រូវយល់ និងចូលរួមថែរក្សាតម្លៃសន្តិភាព ឲ្យខានតែបាននៅគ្រប់កាលៈទេសៈ និងក្នុងតម្លៃណាក៏ដោយ៕