លោក សុខ ចិន្តាសោភា៖ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា ខណៈក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ តាមរយៈគម្រោងសំណើវិនិយោគនៅកម្ពុជា ភាគច្រើនជាការវិនិយោគរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលថ្ងៃទី២៥ ខែតុលា បានលើកឡើងថា៖ «ក្នុងនាមជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ដែលធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរវាងប្រទេសកម្ពុជានិងចិន លោកមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខ មិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត ជាក់ស្តែងបានឃើញតាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ជាដើម»។

ជាងនេះទៀត លោកថា«ប្រទេសចិន ក្រៅពីការវិនិយោគដើម្បីបង្កើតការងារ ក៏មានការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដូចជា ផ្លូវថ្នល់ ស្ពាន ថាមពល វារីអគ្គិសនី ដែលទាំងនេះគឺជាកត្តាចំបង ដើម្បីឲ្យគ្រប់ប្រទេសធ្វើការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបាន ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ក៏ដូចជា ការផ្តល់ហិរញ្ញប្បទាន ឬជំនួយ មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយើងខ្ញុំបានសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី ។ល។ អ្វីដែលខ្ញុំចង់លើកឡើងគឺថា ការចូលរួមរបស់រដ្ឋាភិបាលចិន ក៏ដូចជា ពីសំណាក់ក្រុមហ៊ុន​ចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានចូលរួមធំធេងណាស់ ក្នុងការអភិវឌ្ឍ កន្លងមក នៅពេលនេះ និងពេលអនាគត សម្រាប់សង្គមសេដ្ឋកិច្ច» ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា ជាក់ស្តែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមនូវសំណើវិនិយោគ ចំនួន១៥០ គម្រោង ដែលកើនឡើង ចំនួន១៦គម្រោង បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំហំវិនិយោគក៏កើនឡើង ប្រហែល ១០០លានដុល្លារផងដែរ៕ អត្ថបទ៖ រង្សី