ADB ផ្តល់កញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០លានដុល្លារឱ្យកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៉ី ហៅកាត់ ADB នឹងផ្តល់ហិរញ្ញប្បទាន ៤០០លានដុល្លារបន្ថែមទៀត មកឱ្យកម្ពុជា លើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលជំនួបរវាងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៉ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនោះ លោក Winfried F. Wicklein បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨។

ទន្ទឹមនឹងនេះ លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានចូលរួមចំណែកនៅក្នុងកិច្ចដំណើរការស្តារនិងអភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកថា ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគីវិញ។

លោកបន្ថែមថា កម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជា ដៃគូកន្លងមក។ ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណជាពិសេសដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាមេរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០ ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ ប៊ីលានដុល្លារអាមេរិក៕