រមណីយដ្ឋានកោះសំពោច ឬហៅថា «កោះរាជបុត្រ» ដែលស្ថិតនៅតំបន់ឧទ្យានជាតិរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ជាកោះមួយ មានទេសភាពទាក់ទាញយ៉ាងស្រស់ត្រកាល មានឆ្នេរខ្សាច់សក្បុសយ៉ាងស្រស់ស្អាត។ កោះដ៏តូចច្រឡឹងនេះ ត្រូវបានគេដឹងថា កំពុងទទួលបានការវិនិយោគដោយក្រុមហ៊ុនចិនមួយ។

តាមប្រភពសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ក្រុមហ៊ុនចិន យិះជៀ ទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍លើដីជុំវិញតំបន់ឧទ្យានជាតិរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលរយៈពេល ៩៩ឆ្នាំ លើផ្ទៃដីជាង ៣ពាន់ហិកតា តាំងពីឆ្នាំ២០០៩ ដើម្បីអភិវឌ្ឍប្រែក្លាយតំបន់នេះបម្រើឲ្យវិស័យទេសចរណ៍តាមបែបធម្មជាតិ ប៉ុន្តែសកម្មភាពរបស់ក្រុមហ៊ុន យិះជៀ ត្រូវប្រជាពលរដ្ឋរស់នៅសហគមន៍នេះ យល់ឃើញថា មានការអភិវឌ្ឍយឺតយ៉ាវ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងចំពោះការអភិវឌ្ឍយឺតយ៉ាវរបស់ក្រុមហ៊ុនចិននេះថា ក្រុមការងារថ្នាក់ខេត្ដនិងថ្នាក់ជាតិ ធ្វើយ៉ាងណានឹងជំរុញគម្រោងមួយចំនួន ដែលទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ហើយមានការយឺតយ៉ាវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។ ចំពោះការយកថ្លៃសំបុត្រម្នាក់ ២ដុល្លារ លោកប្រធានមន្ទីរ បញ្ជាក់ថានេះជាការរកចំណេញពីការធ្វើវិនិយោគ។

អ្នកស្រី រឿន ចរិយា ជាបុគ្គលិកលក់ភេសជ្ជៈនៅឆ្នេរកោះរាជបុត្រ បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ថា កោះរាជបុត្រ តែងតែមានភ្ញៀវមកលេងកម្សាន្តជាប្រចាំ ជាពិសេសនៅពេលស្ថានភាពកូវីដ-១៩ មានការស្ងប់ស្ងាត់វិញ និងតាំងពីមានការបើកឱ្យដំណើរការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ចំពោះតម្លៃសំបុត្រគឺ ភ្ញៀវបរទេសត្រូវបង់ថ្លៃម្នាក់ ៤ដុល្លារ និងភ្ញៀវខ្មែរម្នាក់ ២ដុល្លារ។ អ្នកស្រី បន្តថា ភ្ញៀវមកកម្សាន្តទីនេះ តែងពេញចិត្តចំពោះទេសភាពដ៏ស្រស់ស្អាតរបស់កោះ និងឆ្នេរ និងជាពិសេសមានកន្លែងក្មេងៗលេងកម្សាន្តទៀតផង។

សូមជម្រាបជូនថា កោះសំពោច ឬហៅថា «កោះរាជបុត្រ» ស្ថិតនៅចម្ងាយតែ ២០០ ម៉ែត្រពីឆ្នេរ និងមានបរិមាណប្រមាណ ២០០ ម៉ែត្រមួយជុំកោះ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ បានរៀបចំជាស្ពានឈើ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ដើរកម្សាន្ត គយគន់ឆ្នេរ ព្រៃព្រឹក្សា សំណឹកថ្ម ក៏ដូចជាការថតរូបស្អាតៗជាអនុវស្សាវរីយ៍ ផងដែរ៕
