ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែតុលានេះ នៅវិមានសន្តិភាព ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងនឹងនាខែ៦ ឆ្នាំ២០២៣ខាងមុខ។
យ៉ាងណា លោកបញ្ជាក់ថា ក្រសួងសាធារណការកំពុងដុតដៃដុតជើងដើម្បីឈានទៅចុះហត្ថលេខាសម្បទានក្រុមហ៊ុនសាងសង់បើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣។
គ្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងទី២ ដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងផងដែរ។
គម្រោងនេះត្រូវចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារ ហើយនឹងមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ កាត់តាមខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម៕