លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការជាច្រើនរូប មកបង្ហាញអំពីវឌ្ឍនភាព សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ នៅថ្ងៃទី២៧ ខែតុលានេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានលើកឡើងពីលទ្ធផលការងារជាច្រើន ដែលកើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដោយឆន្ទៈមនសិការការងារខ្ពស់ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្ម និងជាពិសេសការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះលោកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៧ មកទល់នឹងឆ្នាំ២០២២ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។
លោកថា បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថាមានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក៕