កម្ពុជា-ចិន ចុះMou រួមគ្នាជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២  បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន ដើម្បីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ  ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ និងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង សមាគម ក្រុមហ៊ុនដែលពាក់ព័ន្ធវិស័យ សំបុកត្រចៀកកាំជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា គំនិតផ្តួចផ្តើមនេះ គឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម កម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាដំណឹងដ៏ល្អ និងឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តម សង្ឃឹមថា បន្ទាប់ពីបានពីអនុស្សរណៈនេះ ចូលជាធរមានបន្ទាប់ពីចុះហត្ថលេខារួច ផលិតផលសំបុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានយ៉ាងច្រើន ដែលជាអត្ថប្រយោជន៍ ដល់វិស័យឯកជនកម្ពុជានៅក្នុងវិស័យសំបុកត្រចៀកកាំបានយ៉ាងច្រើននៅពេលអនាគតដ៍ខ្លីខាងមុខ។

ជាមួយគ្នានេះ លោក Mr. ZENG Youmin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានលើកឡើងដែរថា មជ្ឈមណ្ឌលមានបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងរួមចំណែកកម្លាំងរបស់យើងក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន។ លោកបន្ថែមថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានសហការគ្នាពិនិត្យលើអនុស្សរណៈនេះ យ៉ាងលម្អិតរហូតបានឈានដល់ការចុះហត្ថលេខានាថ្ងៃនេះ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ដោយផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ១-ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ ២-កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ៣- ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន ៤-ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម៕