ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ កម្ពុជាបានអញ្ជើញមេដឹកនាំប្រទេសរុស្សុី លោក វ្លាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខនេះ។

ថ្លែងនៅក្នុងពិធីនៅចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ទី២៩តុលានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតបនៅឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃបន្ទាប់ពីសម្តេចគ្រោងនឹងជួបសន្ទនាតាមទូរសព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែទាក់ទងប្រធានរឿងដែលត្រូវជជែកនោះមិនទាន់មានការបញ្ជាក់នៅឡើយ។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕