ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រំពឹងថាមានអ្នកដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់ប្រមាណ ៣ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ នៅនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ បានចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាស ការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៨ ខែតុលានេះ លោក ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយជួបជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារចាប់ផ្តើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតា ដោយបានបង្ហាញពីសន្ទុះនៃការបើកឱកាសការងារថ្មីៗជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងាររបស់យុវជនមានការកើនឡើងយ៉ាងសកម្ម។

លោក ពេជ សោភ័ន បានរំឭកថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ទោះបីជាមានការរំខានដោយបញ្ហាកូវីដ-១៩ក្តីក៏NEAបានបន្តរៀបចំពិព័រណ៍ការងារជាទៀងទាត់តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ក្នុងស្មារតីចូលរួមចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារក្នុងពេលទទួលរងសម្ពាធ។ ក្នុងន័យនេះពិព័រណ៍ការងារគឺជាអន្តរការីក្នុងការជួយឱ្យនិយោជកអាចជ្រើសរើសកម្លាំងពលកម្មបានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។

គួរជម្រាបថា មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” ជាទីកន្លែងជួបជុំគ្នា ដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករ និយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ៕