ទូកងឈ្មោះ «ក្តាមប្រៃ» ដែលឈ្នះការប្រណាំងថ្នាក់ជាតិទទួលបានលេខ១ ស្ទើររៀងរាល់ឆ្នាំ ដំបូងឡើយគឺជាទូកដ៏កម្សត់មួយ ខណៈដែលក្រុមកីឡាករសុទ្ធតែអ្នកក្រខ្សត់ និងពុំសូវមានអ្នកមាន ឧកញ៉ា ឬថ្នាក់ដឹកនាំជាន់ខ្ពស់ណា ជួយឧបត្ថម្ភធំនោះទេ។ ទោះយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទូក «ក្តាមប្រៃ» លែងកម្សត់ទៀតហើយ ព្រោះមានលោកស្នងការខេត្តកំពង់ឆ្នាំង ជាអ្នកជួយឧបត្ថម្ភធំ និងជួយគាំទ្រទាំងស្រុង។

ទូកង ឈ្មោះ ក្តាមប្រៃ គឺជាទូកមួយដែលល្បីល្បាញនៅក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅស្រុកកំពង់ត្រឡាច ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ តែងតែមានការលំបាកក្នុងការចំណាយថវិកា ប៉ុន្តែចាប់ពីឆ្នាំ២០១៩ «ទូកងក្តាមប្រៃ» លែងកំសត់ទៀតហើយ ព្រោះមានលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកជួយឧបត្ថម្ភការចំណាយស្ទើរទាំងស្រុង។

ក្រៅពីលោកស្នងការខេត្តកំពង់ឆ្នាំង ទូកងក្តាមប្រៃ ក៏ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រើន ជូនក្រុមកីឡាករនៃទូកក្តាមប្រៃ ខណៈដែលពួកគេកំពុងហ្វឹកហាត់ត្រៀមទៅប្រកួតមិត្តភាពនៅខេត្តកំពង់ចាម។

បើតាមអនុសាសន៍របស់លោកអភិបាលខេត្តកំពង់ឆ្នាំង ថ្វីបើប្រមុខរាជរដ្ឋាភិបាល បានផ្អាកពីធីអុំទូកថ្នាក់ជាតិឆ្នាំនេះ ក៏ពិតមែន ប៉ុន្តែបានអនុញ្ញាត្តិឱ្យតាមបណ្តាខេត្ត ត្រូវរៀបចំពិធីអុំទូក អកអំបុក សំពះព្រះខែ តាមទំនៀមទម្លាប់ពីដូនតា ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានកំសាន្តសប្បាយផង និងបន្តថែរក្សាមរតក ពិធីអុំទូកនេះផង ហើយសម្រាប់ខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីនេះ នៅខែវិច្ឆិកា ខាងមុខនេះ ក្នុងនោះ ទូកង «ក្តាមប្រៃ» ក៏នឹងបង្ហាញវត្តមានក្នុងការប្រណាំងប្រជែង ដើម្បីជូនបងប្អូនទស្សនាកម្សាន្តផងដែរ។

សូមរំលឹកថា ទូកងឈ្មោះ «ក្តាមប្រៃ» ជាទូកដែលគ្រប់គ្រងមើលថែទាំ ដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ទូកនេះជាប្រភេទទូកអុំ មានប្រវែង២៨,៣ ម៉ែត្រ មានចំណុះកីឡាករ ចំនួន៦៩នាក់។ ទូកនេះធ្លាប់ទទួលជ័យជំនះថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងបានដាក់តម្កល់នៅសាលាបុណ្យ ភូមិកំពង់ក្តា ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

