សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នេីសុំនាំសាច់ជ្រូកខ្មែរទៅក្រៅប្រទេស ខណៈកំពុងកកស្ទះខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានសុខភាពសត្វ​ និង​ផលិតកម្មសត្វ​ បានជួបពិភាក្សាជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីរួមគ្នារកដំណោះស្រាយនៃការកកស្ទះនៃការផ្គត់ផ្គង់សត្វជ្រូក​ និង​ មាន់សាច់​ ដែលធ្វេីឱ្យតំលៃកាន់តែថោក​ កសិករកំពង់ខាតបង់យ៉ាងខ្លាំង​ និងមិនអាចលក់សត្វរបស់ខ្លួនបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២២​នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា សមាគមបានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយរកវិធីទប់ស្កាត់ការនាំសាច់បង្កកជ្រូក​ មាន់ដែលកំពុង​ចរាចរណ៍​ពាសពេញប្រទេស​ ដែលធ្វេីឱ្យកសិករមិនអាចលក់ជ្រូកមាន់រស់បាន។

ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នេីសុំនាំសាច់ជ្រូកខ្មែរទៅបរទេស(ចិន)​ ព្រោះពេលនេះជ្រូកកំពុងកកស្ទះខ្លាំង។ ទន្ទឹមនឹងនេះ សមាគមក៏បានស្នេីសុំប្រេីប្រាស់សូឡា​ ដោយឈប់យកប្រាក់ថ្លៃត្រង់ស្វូ5$/Kw និងស្នេីសុំឈប់យកពន្ធអាករលេីតំលៃបន្ថែម(VAT10%)ចំពោះវិស័យចិញ្ចឹមសត្វ។ បន្ថែមទៀតនោះ សុំលេីកលែងការយកពន្ធរំដោះលើប្រាក់ចំណូល 1% Prepaid Profit Tax 1%

លើសពីនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នេីសុំជួយសំរួលដល់ការធ្វេីលិខិចរាចរណ៍​ ឱ្យបានលឿន​ ដោយសមាគមមានផលលំបាកថ្ងៃសៅរ៍​ អាទិត្យ​ ឬ​ បុណ្យជាតិមន្រ្តីឈប់សម្រាកជាដើម។

ជាការឆ្លើយតប អគ្គនាយកដ្ឋានសុខភាពសត្វ​ និង​ផលិតកម្មសត្វក៏បានទទួលយកនូវសំណូមពររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងការជួយដោះស្រាយការកកស្ទះនេះផងដែរ៕