កាលពីរសៀលថ្ងៃទី២៩ ខែតុលា ២០២២ ក្រុមកីឡាករបាល់ទាត់ឆ្នើម ដែលដឹកនាំដោយ ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានយកឈ្នះក្រុមគណៈអធិបតី ស.ស.យ.ក ខេត្តបាត់ដំបង ដោយលទ្ធផល ៣-២ ក្នុងការប្រកួតបើកឆាក កីឡាបាល់ទាត់ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង។



ការប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង នេះដែរ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅបរិវេនទីលានបាល់ទាត់សកលវិទ្យាល័ជាតិបាត់ដំបង។



ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវីស័យកីឡានៅកម្ពុជា ជាពិសេសនៅខេត្តបាត់ដំបងផ្ទាល់តែម្ដង។ សម្រាប់ការប្រកួតឆ្នាំ២០២២ នេះ ប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានកីឡាករ ចូលរួមចំនួន៨៥០នាក់ចូលរួមប្រកួត ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២២ ដោយមានបញ្ចូលវិញ្ញាសាកីឡាចំនួន ៣ រួមមាន៖ វិញ្ញាសាបាល់ទាត់ វិញ្ញាសាវាយសី និងវិញ្ញាសាប៉េតង់។



ដោយឡែកសម្រាប់វិញ្ញាសាបាល់ទាត់ មានក្រុមចូលរួមប្រកួត សរុបចំនួន ៣៧ក្រុម។ សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦លានរៀល លេខ២ ទទួលបាន ៤លានរៀល និងជយលាភីលេខ៣ ទទួលបាន ៣លានរៀល៕