រាជរដ្ឋាភិបាលកម្ពុជា អះអាងថា វានឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ បើទោះបីជា មានការបង្កើនទំហំកម្ចីក៏ដោយចុះ។ទន្ទឹមគ្នានេះ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាភិបាល មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត ប្រមាណជិត ២ពាន់៣រយលានដុល្លារអាមេរិក បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលទើបតែបានអនុម័តនាថ្ងៃទី ២៨ ខែតុលា។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ខាងលើបានឱ្យដឹងថា ការខ្ចីបំណុលបន្ថែមសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ដោយផ្អែកលើទិដ្ឋភាពចំនួន៤ធំៗដូចជា៖ ទី១-ទំហំនៃតម្រូវការវិនិយោគសាធារណៈមានការកើនឡើង ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធាន បន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ទី២-គម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៣ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលត្រូវបានរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង។ ទី៣-ឥណទានមានកម្រិតសម្បទានខ្ពស់។ ទី៤-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» និងទី៥-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាសរុបមានជាង៩ពាន់៥រយលានដុល្លារ ដោយក្នុងនោះ បំណុលជំពាក់ប្រទេសចិនច្រើនជាងគេដល់ទៅ ៤១% នៃបំណុលសរុប៕ អត្ថបទ៖ រង្សី