លោក ទ្រី សុភី អនុប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជា «អនុរដ្ឋលេខាធិការ» នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

សម្រាប់ប្រវត្តិសិក្សា លោក ទ្រី សុភី បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ នៅឆ្នាំ២០០៥, បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៩ និងទើបបានទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកច្បាប់ ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា កាលពីខែកញ្ញា ឆ្នាំ២០២២នេះ។ រីឯបទពិសោធន៍ការងារ លោកបានចូលបម្រើការងារជាមន្ត្រីពន្ធដារ តាំងពីឆ្នាំ២០០៧។ ចំពោះតួនាទីក្នុងបក្សវិញ លោក ទ្រី សុភី គឺជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋខូឡូរ៉ាដូ នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក។

លោក ទ្រី សុភី ជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលមានស្នាដៃជូនជាតិជាច្រើនផងដែរ ខណៈដែលលោកបានទទួលគ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៕


