លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដែលមានសមាសភាពចំនួន ១៤រូប ក្នុងនោះអតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្តា បច្ចុប្បន្នរដ្ឋលេខាធិការក្រសួងកសិកម្ម ជាប្រធាន និងមានអនុប្រធានចំនួន ៣រូបបន្ថែមទៀត គឺលោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ លោក សួន សេរី អនុរដ្ឋលេខាធិការ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម។


នៅក្នុងសេចក្តីសម្រេចចំនួន៣ទំព័រដែលចុះហត្ថលេខាដោយលោក ឌិត ទីណា បានបញ្ជាក់ថា ក្រុមការងារនេះរៀបចំផែនការសម្រាប់ផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរួមចំណែកក្នុងយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថ្លៃដើមផលិតក្នុងផលិតកម្មគ្រាប់ពូជស្រូវ។
ជាមួយគ្នានេះ ក៏ត្រូវសម្របសម្រួលជាមួយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនដែលកំពុងប្រកបរបរផលិតកម្ម និងអាជីវកម្មស្រូវអង្ករផងដែរ។
គួររម្លឹកផងដែរថា ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។
សម្តេចមានប្រសាសន៍ថា៖ «ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន»៕
