សម្តេច ហ៊ុន សែន៖ អាសិបត្រូវបានវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកល រហូតដល់ ២៦៣ ប៊ីលានដុល្លារអាម៉េរិក 

សង្គម​ និង​សេដ្ឋកិច្ច

កាលថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងអាសិប ត្រូវបានវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកល រហូតដល់ ២៦៣ ប៊ីលានដុល្លារអាម៉េរិក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការថ្លែងរបស់សម្តេចក្នុងវេទិកាជាន់ខ្ពស់ គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) លើភាពធន់រឹងមាំនៃសេដ្ឋកិច្ចតំបន់អាស៊ី បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ-១៩ ជិត៣ឆ្នាំមកនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា​ ជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារ[អាស៊ី]ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ ដែលកំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេស តំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចសកលលោក។

សម្តេចតេជោ បន្ថែមថា​ ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញ ការអនុវត្តនូវអាសិបពេញលេញ និងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ប៊ីលានដុល្លារអាម៉េរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Incorre) កើនឡើងរហូតដល់២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន២៧លាននាក់ បន្ថែមទៀត ឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរ សម្រាប់តំបន់អាសិប នៅឆ្នាំ ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកល រហូតដល់ ២៦៣ ប៊ីលានដុល្លារអាម៉េរិក ។

បន្ថែមលើនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហាញកមណើនសេដ្ឋកិច្ចកម្ពុជា ដល់អង្គពិធីផងដែរ ដោយសម្តេចគូសបញ្ជាក់ថា «សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២នេះ បានបង្ហាញឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៨ភាគរយ ទៅ១៨ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣,២ភាគរយ ទៅ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ»៕