ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២២ បានបើកប្រជុំពិគ្រោះយោបល់រៀបចំផែនការជំរុញផលិតកម្មពូជស្រូវសុទ្ធ ធ្វើយ៉ាងណាឱ្យកសិករទទួល បានតម្លៃពូជស្រូវសមរម្យ បង្កើនផលិតភាព និងទទួលបានប្រាក់ចំណេញខ្ពស់ ខណៈបញ្ហាពូជនេះ បានធ្វើឱ្យប៉ះពាល់ការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «អាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ»។
រដ្ឋមន្ដ្រីកសិកម្មថ្មីរូបនេះ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។
ជាមួយគ្នានេះលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Mekong Oryza Trading Co., Ltd បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ ព្រោះការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។
យ៉ាងណា តាមរយៈកិច្ចប្រជុំខាងលើ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញកសិករ ក៏ដូចជាជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ៕