ធនាគារជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់ ១១៥,៤ភាគរយ ។

ធនាគារជាតិកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ « ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់ ១១៥,៤ភាគរយ ដែលមានន័យថាតម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញបានកើនឡើង ១៥,៤% ធៀបនឹងឆ្នាំ ២០២០ (ឆ្នាំគោល)។ ក្នុងខែសីហាឆ្នាំនេះ លំនៅដ្ឋាននៅរាជធានីភ្នំពេញមានតម្លៃជាមធ្យម ៤៦៨,៤លានរៀល (១១៤.១៦៤ ដុល្លារអាមេរិក) កើនឡើង ១,៥% ធៀបនឹងខែកក្កដាឆ្នាំ ២០២២ ហើយបើធៀបនឹងខែសីហា ឆ្នាំ២០២១ គឺកើនឡើង ១,៨%»។
គួរបញ្ជាក់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការសាងសង់លំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ កំពុងមានកំណើនវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ចំពោះវិស័យលំនៅដ្ឋាននៅរាជធានីភ្នំពេញនេះដែរ ត្រូវបានអ្នកវិនិយោគជាច្រើនបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថា លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញ សុទ្ធតែមានតម្រូវការស្នាក់នៅជាហេតុធ្វើឱ្យតម្រូវការទីផ្សារលំនៅដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យសន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ មានការកើនឡើង៕
