តាមរយៈវេទិកាជាន់ខ្ពស់ស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)” ក្រោមមូលបទ៖ គម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប កាលពីពេលកាលថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បានបង្ហាញថា កិច្ចព្រមព្រៀងអាសិបនេះ នឹងបង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិក។
នាឳកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការសិក្សារបស់ស្ថាប័នអន្តរជាតិបង្ហាញថា ប្រសិនបើអនុវត្តបានពេញលេញ នូវកិច្ចព្រមព្រៀងអាសិបនេះ នឹងបង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិក បង្កើនប្រាក់ចំណូលពិត (Real Income) សកលប្រមាណ២,៥% បង្កើនសកម្មភាពពាណិជ្ជកម្មរវាងបណ្តាប្រទេសអាសិបប្រមាណ ១២,៣% និងជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់អាសិប ប្រមាណជាង ២៧ លាននាក់ ឱ្យក្លាយជាប្រជាជនមានចំណូលមធ្យម នៅឆ្នាំ២០៣៧ ផងដែរ។
ជាមួយគ្នានេះ បន្តថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យឡើយ តែជាកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រដ្ឋមន្ត្រីពាក់ព័ន្ធ និងក្រុមការងារចរចាទាំងអស់ ក្នុងការជំនះការលំបាក និងភាពស្មុគស្មាញជាច្រើន នៅរយៈពេលជាង៨ឆ្នាំនៃការចរចាដ៏សស្រាក់សស្រាំនេះ។ សម្តេចថា រដ្ឋាភិបាលកម្ពុជា នឹងខិតចូលរួមជាយុទ្ធសាស្ត្រក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រៅពីបង្ហាញថាកិច្ចព្រមព្រៀងអាសិប នឹងបង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិកហើយនោះ។តាមរយៈ វេទិការខាងលើនេះផងដែរ បើតាមការសិក្សារបស់វិទ្យាស្ថាន ERIA នៅឆ្នាំ២០២២ថ្មីៗនេះ ក៏បានបង្ហាញដែរថា កិច្ចព្រមព្រៀងអាសិបនឹងផ្តល់ឱ្យកម្ពុជានូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២%-៣,៨%, កំណើនការនាំចេញក្នុងរង្វង់ ៩,៤%-១៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ ៣,២%-៦,២%, កំណើនវិនិយោគប្រមាណ ២៣,៤%, និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២%-៣,៩% ផងដែរ៕