កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទន្ទឹមនឹងនេះ កម្ពុជានិងប្រទេសដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនេះ បានពិភាក្សាគ្នាបណ្តើរៗហើយ ពីការត្រៀមខ្លួនទទួលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ដែលត្រូវចូលរួមប្រជុំក្របខណ្ឌអាស៊ាន។
បន្ថែមទៅទៀត សម្រាប់មេដឹកនាំប្រទេសមហាអំណាចអាមេរិក ក៏បានដឹកសម្ភារៈនិងរថយន្តការពារសុវត្ថិភាពលោក ចូ បៃឌិន តាមរយៈយន្តហោះពិសេសមកដល់រាជធានីភ្នំពេញហើយដែរ។
លើសពីនេះ ក៏បានអញ្ជើញភ្ញៀវកិត្តិយសពីប្រទេសធំៗមកចូលរួមប្រជុំផងដែរ ដូចជា ចិន អាមេរិក ជប៉ុន រុស្ស៊ី ឥណ្ឌា អូស្រ្តាលីជាដើម៕