នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដងវិថីសំខាន់ៗ ដែលប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៉ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត, ការដ្ឋានសំណង់ខ្ពស់ៗផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន, ទីតាំង KTV, ក្លឹបកំសាន្ត ទីតាំងផ្ញើម៉ូតូ ឡាន ឬចតតាមចិញ្ចើមថ្នល់ ត្រូវបានហាមមិនឱ្យមានឡើយ។

លោកបន្ថែមថា សម្រាប់សណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី, បែរត្រី, កប៉ាល់ កាណូតទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។ ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ, ផ្ទះសំណាក់ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ដំណើរការពីថ្ងៃទី១០ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេស រួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត៕
