លោក ប្រាក់ សុខុន ជាមន្រ្តីជាន់ខ្ពស់មួយរូបដែលមានភាពលេចធ្លោ និងមានបទពិសោធន៍ការងារជោកជាំ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី (IRAG)។

លោកជាបញ្ញវន្តខ្មែរមួយរូបដែលទទួលការសិក្សាជ្រៅជ្រះនៅបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ដូចជា សញ្ញាបត្រនៃមជ្ឈមណ្ឌលសិក្សាផ្នែកការទូត និងយុទ្ធសាស្ត្រ ក្រុងប៉ារីស, សញ្ញាបត្រវិទ្យាស្ថានអន្តរជាតិផ្នែករដ្ឋបាលសាធារណៈក្រុងប៉ារីស ជំនាញទំនាក់ទំនងអន្តរជាតិ, វិញ្ញាបនបត្រនៃសាលាអន្តរជាតិ ផ្នែកសារព័ត៌មាន ក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី និងជានិស្សិតនៅមហាវិទ្យាល័យច្បាប់រាជធានីភ្នំពេញ។
នៅក្នុងឆ្នាំ១៩៧៩ លោក ប្រាក់ សុខុន ធ្លាប់ធ្វើជាមន្ត្រីយោធា, ឆ្នាំ១៩៧៩-១៩៨៦ ប្រធានផ្នែកនិពន្ធកាសែតកងទ័ព, ១៩៨៦-១៩៩២ ជានិពន្ធនាយករងកាសែតកងទ័ព, ឆ្នាំ១៩៩៣ អ្នកនាំពាក្យអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ, ឆ្នាំ១៩៩៣-១៩៩៨ ជាទីប្រឹក្សានាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។

បន្ទាប់មកទៀត ដំណែងរបស់លោក ប្រាក់ សុខុន ចេះតែបន្តឡើងជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ១៩៩៩ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសបារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍អឺរ៉ុប និងការិយាល័យ អ.ស.ប ប្រចាំក្រុងហ្សឺណែវ។
នៅឆ្នាំ២០០៣ លោកជាទីប្រឹក្សានាយករដ្ឋមន្ត្រី និងអគ្គលេខាធិការរងរាជរដ្ឋាភិបាល។ ឆ្នាំ២០០៤ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា (CMAA), ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភារបស់អង្គការសហប្រជាជាតិ។

ឆ្នាំ២០០៩-២០១៣ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានន ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)។
ឆ្នាំ២០១១-២០១២ ប្រធានកិច្ចប្រជុំលើកទី១១ នៃបណ្ដារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់មីនប្រឆាំង មនុស្ស (11-MSP)។ ២០១៣-២០១៦ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA)។ ឆ្នាំ២០១៦-២០១៩ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

