រដ្ឋមន្រ្តីកម្ពុជារូបណាខ្លះកាន់ប៊ិចចុះហត្ថលេខាជាមួយវៀតណាមលើឯកសារចំនួន ១១ ចំពោះមុខនាយករដ្ឋមន្រ្តី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម បានសម្រេចចុះហត្ថលេខាលើឯកសារចំនួន ១១ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ពិធីចុះហត្ថលេខាលើឯកសារទាំង១១នេះ ធ្វើឡើងដោយរដ្ឋមន្រ្តីចំនួន ៧រូប រួមទាំងទេសាភិបាលនៃធនាគារជាតិ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជួបពិភាក្សាទ្វេភាគី ក្នុងឱកាសដែល លោក ផាម មិញជិញ បំពេញទស្សនកិច្ចនៅកម្ពុជាលើកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ង្វៀន វ៉ាន់ថាំង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។

២.លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ង្វៀន ហ័ងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។

៣.លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ង្វៀន ហុងឌីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ចុះហត្ថលេខាលើឯកសារទី៣ ៤ និង៥ ពីកិច្ចអនុវត្តរួមគ្នារវាងកម្ពុជា និងវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នា ក្រោមក្របខណ្ឌនៃមាត្រា ៥៦(១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការ ដែលទទួលបានប្រតិភូកម្មអំណាច (សហភាពអឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។ កិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក ១៨(៣)(ខ)នៃបទប្បញ្ញត្តិគយ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។

៤.លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ដូ ទៀនស៊ី អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ សម្រាប់ឆ្នាំ២០២២–២០២៥។

៥.លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ង្វៀន មាញ់ហ៊ុង រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ស្តីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។

៦.លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោក ហៅ អាឡេញ ប្រធានគណៈកម្មាធិការជនជាតិ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការនិងសាសនាកម្ពុជា និងគណៈកម្មាធិការជនជាតិវៀតណាម។ 

៧.លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ដាវ ង៉ុកហុង រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

ចំណែកលោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា និងលោកស្រី ង្វៀន ធិហុង ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែក នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។

ទន្ទឹមនឹងនោះ  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថេល ខេមបូឌា (Viettel Cambodia)៕