នៅក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក។

បើតាមលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញ បានឱ្យដឹងថា វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេប្រមាណ ៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ ១, ៣%។
ថ្លែងក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជា មានសក្ដានុពលធំធេងដែលវិនិយោគិនអាចពិនិត្យលទ្ធភាពវិនិយោគជាច្រើនវិស័យ ដូចជា កសិកម្ម ពាណិជ្ជកម្ម និងការកែច្នៃម្ហូបអាហារ ទេសចរណ៍ សំណង់ សម្ភារៈផ្ទះបាយ រថយន្ត សម្ភារៈផលិតថាមពល និងឱសថ។

អ្នកឧកញ៉ាបន្ថែមថា ដីសម្បូរជីជាតិ និងផ្ទៃរាបដ៏ធំទូលាយរបស់កម្ពុជា គឺជាកាលានុវត្តភាពធុរកិច្ចដ៏ធំធេងរាប់ឆ្នាំទៅមុខ សម្រាប់ធុរកិច្ចពាក់ព័ន្ធនឹងការដាំដុះ ការកែច្នៃ និងការផ្គត់ផ្គង់ផលិតផលដំណាំ។ រីឯអនុវិស័យឧស្សាហកម្មកម្មន្តសាល ដូចជា ថាមពល សំណង់ អគ្គិសនី និងគ្រឿងបន្លាស់យានជំនិះ កំពុងរីកចម្រើន និងមានតម្រូវការខ្លាំងនៅទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។
ទន្ទឹមនឹងនោះ កម្ពុជាក៏មានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម៕