នៅថ្ងៃព្រហស្បតិ៍ទី១០ វិច្ឆិកាស្អែកនេះ កម្ពុជាចាប់ផ្តើមដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៤ថ្ងៃ នៅសណ្ឋាគារ សុខា និងទីតាំងមួយចំនួននៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ។
ទន្ទឹមនឹងនេះ គណៈប្រតិភូបណ្តាប្រទេសសមាជិកអាស៊ាន និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក៏បានមកដល់កម្ពុជាបណ្តើរៗហើយ ខណៈនៅថ្ងៃពុធនេះ មេដឹកនាំប្រទេសអាស៊ានចំនួន ៤ នឹងអញ្ជើញមកដល់ ដូចជា ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកានេះ។ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕